Keila News in Cambodia

ចូលរួមជាមួយកម្ពុជាមិនដល់ ៥ឆ្នាំផង ប៉ុន្តែ ជេសា ខាន់ បំបែកកំណត់ត្រាយ៉ាងច្រើនមិនធ្លាប់មាន

វីរកីឡាការិនី ជេសា ខាន់ ទើបតែដណ្តើមបានមេដាយមាសពិភពលោកកាលពីម្សិលមិញនេះ ក្នុងកម្មវិធីប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក World Ju Jitsu Championship 2022 ដែលរៀបចំធ្វើឡើងនៅទីក្រុងអាប៊ូ ឌូបៃ នៃប្រទេសអារ៉ាប់រួម។

អ្វីដែលរឹតតែពិសេសនោះ វីរកីឡាការិនី ជេសា ខាន់ ចូលរួមប្រកួតក្នុងកម្មវិធីនេះតំណាងឲ្យកម្ពុជាដូចដែលនាងធ្លាប់តំណាងជាតិកាលពីស៊ីហ្គេមកន្លងមកដែរ ប៉ុន្តែនេះជាការប្រកួតកម្រិតពិភពលោកដែលមានជាង ៧០ប្រទេសចូលរួម។

នៅក្នុងការប្រកួតនេះ ជេសា ត្រូវប្រកួតតតាំងនឹងកីឡាការិនីឆ្នើមៗលើប្រភេទទម្ងន់ ៥២គីឡូក្រាមដូចគ្នាចំនួន ៤នាក់ទៀត ទម្រាំអាចដណ្តើមបានមេដាយមាសកម្រិតពិភពលោកមួយនេះ។

លើសពីនេះទៅទៀត ជេសា បានផ្តួលដៃគូឲ្យបោះបង់ការប្រកួតទាំង ៤នាក់តែម្តង ពោលនាងផ្តួលដៃគូជាលក្ខណៈ K.O មិនមែនឈ្នះត្រឹមពិន្ទុឡើយ ដែលនេះគឺជាកំណត់ត្រាថ្មីមួយទៀតសម្រាប់កីឡាការិនីជឺជីតស៊ូដែលបានចូលរួមប្រកួតជើងឯកពិភពលោកនេះ។

ជាមួយជ័យជម្នះលើកនេះធ្វើឲ្យ ជេសា ខាន់ កាន់តែមានទំនុកចិត្តខ្ពស់បន្ថែមទៀត ក្នុងដំណើរឆ្ពោះទៅដណ្តើមមេដាយមាសស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីនាងបរាជ័យនៅស៊ីហ្គេមវៀតណាម ដោយសារបញ្ហាទម្ងន់។

គួររំលឹកថា វីរកីឡាការិនី ជេសា ខាន់ ចាប់ផ្តើមចូលរួមប្រកួតតំណាងឲ្យកម្ពុជា ដោយមានការជំរុញពីឪពុករបស់នាងគឺលោក Peter Khan ដែលមានឈាមជ័រជាខ្មែរ នៅឆ្នាំ២០១៨ ដោយពេលនោះ ជេសា ខាន់ ប្រកួតតំណាងឲ្យកម្ពុជាលើវិញ្ញាសាកីឡាជឺជីតស៊ូ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ហើយនាងដណ្តើមបានមេដាយមាស ១គ្រឿងជូនជាតិ ខណៈដែលនៅស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីននោះ ជេសា ក៏ដណ្តើមបានមេដាយមាសថែមមួយគ្រឿងទៀត នាំឲ្យចំនួនមេដាយមាសដែលនាងដណ្តើមបានជូនជាតិកើនឡើងដល់ទៅ២ ក្នុងពេលត្រឹម ១ឆ្នាំប៉ុណ្ណោះ។

លុះដល់ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមដែលទើបតែបញ្ចប់កាលពីខែឧសភាកន្លងទៅ ជេសា ត្រូវបានគេដកសិទ្ធិប្រកួតទាំងអយុត្តិធម៌ ដោយសារនាងលើសទម្ងន់ត្រឹមតែប៉ុន្មានខាំប៉ុណ្ណោះ ធ្វើឲ្យកម្ពុជារបូតបាត់មេដាយមាសអស់មួយ ប៉ុន្តែកាលពីម្សិលមិញនេះ ជេសា ខាន់ បានប៉ះប៉ូវកិត្តិយសជូនជាតិវិញ តាមរយៈការក្រសោបយកមេដាយមាសពិភពលោក ហើយវាក៏ជាមេដាយមាសទី៣ របស់វីរកីឡាការិនីដ៏អស្ចារ្យរបស់កម្ពុជារូបនេះផងដែរ៕

ដោយ៖ KEILA NEWS

You might also like

Leave A Reply

Your email address will not be published.