Keila News in Cambodia

ទីបំផុតវិវាទជុំវិញ កីឡាករកាយវប្បកម្ម២រូប និងសំបូរ សុភ័ណ្ឌ ត្រូវបានបញ្ចប់ដោយសន្ដិវិធី

រឿងរ៉ាវជុំវិញកីឡាករកាយវប្បកម្ម២រូប និងសំបូរ សុភ័ណ្ឌ នៅទីបំផុតបានឈានដល់ការព្រមព្រៀងគ្នាដោយសន្ដិវិធីហើយ ដោយភាគីទាំងសងខាងបានធើ្វការជួបគ្នាដោយផ្ទាល់ កាលពីម្សិលមិញនេះ។

កាលពីសប្ដាហ៍មុន បន្ទាប់ពីសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានធើ្វសន្និសីទសារព័ត៌មានប្រកាសពីការដកនូវវិញ្ញាសារកាយវប្បកម្មចេញពីព្រឹត្ដិការណ៍ស៊ីហ្គេម ខែឧសភាខាងមុខនេះ ដោយរកឃើញកីឡាករចំនួន២រូប គឺ ផាន់ ណារិទ្ធ និងស៊ាង ម៉េងសាង ប្រើប្រាស់សារធាតុហាមឃាត់ ប៉ុន្ដែរឿងរ៉ាវនេះបានឡើងទៅជាកម្ដៅខ្លាំង ក្រោយអ្នកទាំងពីរបានចោទ សំបូរ សុភ័ណ្ឌ ថាជាអ្នកចាក់ទៅកាន់ពួកគេ។

សុភ័ណ្ឌ បានសម្ដែងការខកចិត្ដ និងបដិសេធទាំងស្រុងជុំវិញការចោទប្រកាន់ខាងលើរបស់អ្នកទាំងពីរ និងទាមទារឲ្យមានការសុំទោសជាសាធារណ។

បន្ទាប់ពីរឿងរ៉ាវកើតឡើងជិតមួយសប្ដាហ៍ ទីបំផុតភាគីទាំងសងខាងបានធើ្វការជួបគ្នាដោយផ្ទាល់ និងបានដោះស្រាយគ្នាដោយសន្ដិវិធី ខណៈការជួបនេះក៏មានការយល់ព្រមពីខាងសហព័ន្ធផងដែរ។

ក្នុងសំណេរមួយរបស់ ផាន់ ណារិទ្ធ ដែលបានបង្ហោះរូបភាពការជួបគ្នា ភ្ជាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖

«កាលពីថ្ងៃ​ ពុធ​ ទី25 ខែ​ មករា 2023 ខ្ញុំ​បាទ ផាន់ ណារិទ្ធ និង ស៊ាង​ ម៉េងសាង បានជួបនិងធ្វើការសម្របសម្រួលនូវកំហុសឆ្គងដោយយល់ច្រឡំជាមួយបង​ សំបូរ​ សុភ័ណ្ឌ​។​ ពួកយើងទាំង២នាក់ បានជួបគ្នាផ្ទាល់​ទល់មុខ​សុំការអធ្យាស្រ័យ​ (ដោយជំនួបមួយនេះមិនបានពាក់ព័ន្ធនឹងសហព័ន្ធកីឡាកាយវប្បកម្មទេ​ វាជាការដោះស្រាយលក្ខណ:បុគ្គល)​ ដែលខ្ញុំទាំងពីរនាក់បាននិយាយក្នុងសារព័ត៌មាន​ ជ្រុលជ្រួស​លេីសពីការពិត មានកំហុសឆ្គងធ្វើឱ្យប៉ះពាល់​ដល់កិត្តិយសគាត់ និងក្លិបហាត់ប្រាណKing Gym លេីករណី​ ៖​
១-ពួកយើងបានចោទថាគាត់បានអូសទាញ ឬនាំពួកខ្ញុំទៅស្នាក់នៅទីនោះគឺ​ តាមពិតទៅពួកយេីងបានទៅក្លិប​គាត់ ឃីងជីម​ ដោយខ្លួនឯងគឺស្ម័គ្រចិត្ត សុំគាត់ស្នាក់នៅមុនប្រកួត និយាយរួមគឺគ្មានការបង្ខំឡេីយ។​
២-ពួកយេីងបានប្រេីប្រាស់ថ្នាំបញ្ចុះជាតិទឹកដោយខ្លួនឯងមែន​ ប៉ុន្តែថ្នាំមួយប្រភេទនេះ វាមិនមែនជាសារធាតុ​steroidនោះទេសូមមហាជនកុំយល់ច្រឡំពីព្រោះយេីងទាំងពីរនាក់មានលទ្ធផលបញ្ជាក់ច្បាស់លាស់ពីខាងដូប៉ាកម្ពុជា​ថា ពួកយេីងជាប់តែសារធាតុបញ្ចុះជាតិទឹកតែមួយមុខគត់​ប៉ុណ្ណោះ គ្មានពាក់ព័ន្ធនឹងសារធាតុផ្សេងទៀតឡេីយ សូមបញ្ជាក់ថា បញ្ហានេះពុំមានការបង្ខំ​ឱ្យប្រេីប្រាស់សារធាតុនេះពីបង​ប្រុស សុភ័ណ្ឌ​ឡេីយ​ វាជាការស្ម័គ្រចិត្តដោយខ្លួនឯងពិតមែន។ មូលហេតុ​ពេលនោះពួកយេីងមិនបានដឹងទេថាវា​ជាសារធាតុហាមឃាត់ក្នុងវិស័យកីឡា​មួយនេះដែរ។​
៣-ពេលដែលខាងក្រុមការងារដូប៉ា(ដូភីង)ចាប់ត្រួតពិនិត្យទឹកនោមរកសារធាតុហាមឃាត់នោះ ធ្វើឱ្យពួកខ្ញុំមានការសង្ស័យគិតច្រើន ហើយក៏ចោទទៅកាន់បង សំបូរ សុភ័ណ្ឌ ដោយគ្មានភ័ស្តុតាងលើរឿងពាក់ព័ន្ធ ឬថាគាត់ស្គាល់ក្រុមការងារដូប៉ាកម្ពុជាដោយមិនមានអំណះអំណាងច្បាស់លាស់ ពួកយើងពិតជាសោកស្ដាយនូវកំហុសមួយនេះ សង្ឃឹមថា បងប្អូន​ជនរួមជាតិនិងព្រមអធ្យាស្រ័យដល់ពួកយើងក៎ដូចជាពីសំណាក់បងប្រុស សំបូរ សុភ័ណ្ឌផងដែរ។
ជាចុងក្រោយនេះ យើងខ្ញុំទាំងពីរនាក់សុំធ្វើការអធ្យាស្រ័យសូមកុំចាប់ទោសអូសដំណើរវែងឆ្ងាយទៀតអី យើងខ្ញុំសូមលើកម្រាមដៃដប់សូមការអភ័យទោសពីសំណាក់បងប្អូនរួមអាជីពក្នុងវិស័យកីឡាកាយវប្បកម្ម និង សាធារណៈជន​ និងបញ្ឈប់ការយល់ច្រឡំលើបងប្រុស សំបូរ​ សុភ័ណ្ឌ ដូចអ្វីដែលពួកខ្ញុំបាននិយាយ។ សូម​អរគុណ​»៕

ដោយ៖ KEILA News

You might also like

Leave A Reply

Your email address will not be published.