វិភាគ និងចំណុចមួយចំនួនមុនកម្ពុជា ប៉ះវៀតណាម វគ្គ ១/២ ផ្ដាច់ព្រ័ត្រស៊ីហ្គេម ល្ងាចនេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ២២ឆ្នាំ នឹងត្រូវតតាំងទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣០ នៅវេលាម៉ោង ៧:៣០នាទីយប់។
វៀតណាម ទើបតែឆ្លងកាត់ការប្រកួតដ៏លំបាក នៅពេលដែលពួកគេបានត្រឹមស្មើ ២-២ ទល់នឹងក្រុមជើងឯកចាស់ (មេដាយមាស) ថៃ នៅក្នុងការប្រកួតចុងក្រោយសម្រាប់ពូល B។
ថ្វីត្បិតថៃអាចរកបាន២គ្រាប់មុនក៏ពិតមែន ប៉ុន្ដែក្រុមដែលមានគ្រូបង្វឹក Park Hang Seo ដឹកនាំនោះ បានធើ្វការស៊ុតបញ្ចូលទី២គ្រាប់វិញ និងទម្លាក់ក្រុមខ្លាំងថៃតែម្ដង។
ជាមួយនឹងការទទួលបាន១ពិន្ទុ ក្នុងការប្រកួតដ៏តានតឹង វៀតណាមបានបញ្ចប់ចំណាត់ថ្នាក់ក្នុងនាមជាក្រុមលេខ១ នៃពូល A ស្របពេលមីយ៉ាន់ម៉ាជាក្រុមលេខ១ ក្នុងពូល B ដោយក្រុមទាំង២ មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ គិតត្រឹមពេលនេះនៃព្រឹត្ដិការណ៍ដែលរៀបចំក្នុងប្រទេសហ្វីលីពីន។
អ្វីដែលសំខាន់ គឺវៀតណាមប៉ះក្រុមដែលខ្លាំងៗច្រើនប្រកួតមកហើយ អំឡុងដែលពួកគេធើ្វការប្រកួតក្នុងពូល ដូចជាការប៉ះថៃ, ឥណ្ឌូនេស៊ី, សិង្ហបុរី ជាដើម ប៉ុន្ដែពួកគេនៅតែបង្ហាញពីភាពខ្លាំង។
យ៉ាងណាមិញ ពួកគេនឹងត្រូវប៉ះក្រុមជម្រើសជាតិកម្ពុជាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលជាក្រុមបង្កភាពភ្ញាក់ផ្អើលដល់គ្រប់បណ្ដាប្រទេសទាំងអស់ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្ដិការណ៍មួយនេះ។
ជ័យជម្នះ ៣-១ ទល់នឹងក្រុមជើងឯករងចាស់ (មេដាយប្រាក់) ម៉ាឡេស៊ី បានធើ្វឲ្យពួកគេកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេមជាលើកដំបូងក្នុងប្រវតិ្ដសាស្រ្ដ។
ត្បិតបង្កជាភាពភ្ញាក់ផ្អើលក្នុងពូលក៏ពិតមែន ក៏ប៉ុន្ដែប្រព័ន្ធការពាររបស់កម្ពុជា នៅរៀងចន្លោះប្រហោងនៅឡើយ ដែលបង្កជាភាពឈឺក្បាលដល់លោក Felix Dalmas។
ជាពិសេស៤ប្រកួតក្នុងពូលកន្លងទៅ កម្ពុជា បានរបូតគ្រាប់បាល់ដល់ទៅ៣ប្រកួតទៅហើយ។
ការប្រកួតតែមួយគត់ដែលពួកគេបិទមិនឲ្យគេស៊ុតចូលនោះ គឺជំនួបដែលយកឈ្នះទីម័រ ៥-០។
ការប៉ះវៀតណាម អាចជារឿងពិបាកសម្រាប់កម្ពុជាក្នុងការបិទមិនឲ្យមានគ្រាប់បាល់ ដោយពួកគេមានកីឡាករល្អៗ ជាពិសេសប្រព័ន្ធប្រយុទ្ធរបស់ពួកគេមានភាពមុតស្រួចខ្លាំង។
ស្ថិតិសំខាន់ៗ៖
-វៀតណាម U22 នៅមិនទាន់ស្គាល់ពាក្យថាចាញ់ទេក្នុង Sea Games ឆ្នាំនេះ
-កម្ពុជា U22 របូតគ្រាប់បាល់៣ប្រកួតហើយ គិតត្រឹម៤ប្រកួតក្នុង Sea Games ឆ្នាំនេះ
-នេះគឺជាការបង្ហាញខ្លួនក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Sea Games ជាលើកដំបូងក្នុងប្រវត្ដិសាស្រ្ដរបស់កម្ពុជា
-វៀតណាម U22 គិតត្រឹមពេលនេះ ស៊ុតបាន១៧គ្រាប់ហើយ ក្នុង Sea Games
ដោយ៖ Keila News