Keila News in Cambodia

មកដឹងលម្អិតពីដៃគូ ព្រំ សំណាង នៅសង្វៀន Thai Fight លើកនេះ ពិតជាមិនធម្មតាឡើយ

បើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងកម្មវិធី Thai Fight មកកាន់ TV5 Cambodia បានឲ្យដឹងថា កីឡាករគុនខ្មែរ ព្រំ សំណាង នឹងត្រូវប៉ះជាមួយកីឡាករដ៏ឆ្នើមម្នាក់ឈ្មោះថា Firdavshzon Naiimov ដែលជាជើងខ្លាំងមកពីប្រទេសរុស្សី។

តាមប្រភពពី Thai Fight ដដែលបានឲ្យដឹងទៀតថា កីឡាកររូបនេះទើបតែមានអាយុ ២១ឆ្នាំប៉ុណ្ណោះ ហើយគេកើតនៅក្នុងប្រទេសអ៊ុយប៊ែកគីស្ថាន ប៉ុន្តែត្រូវបានយកមកចិញ្ចឹមបីបាច់ និងធំដឹងក្តីនៅប្រទេសរុស្សី ហើយក៏មានសញ្ជាតិរុស្សីផងដែរ។

Naiimov ធ្លាប់មានប្រវត្តិប្រកួតសរុបចំនួន ១០០ដងគត់តែម្តង ក្នុងនោះគេធ្លាប់ឈ្នះចំនួន ​៦៨ដង ចាញ់ ៣០ដង និងស្មើ ២ដង ហើយគេមានកម្ពស់ ១,៧៩សង់ទីម៉ែត្រ និងទម្ងន់ ៧៨គីឡូក្រាម។

កីឡាករម្នាក់នេះធ្លាប់ឈ្នះជើងឯក Russian Kickboxing Championship ចំនួន ២ដងផងដែរ។

រីឯគុនខ្មែរ ព្រំ សំណាង វិញ អាយុ ៣៨ឆ្នាំ មានកម្ពស់ ១,៨៣សង់ទីម៉ែត្រ និងទម្ងន់ ៧៨គីឡូក្រាម ហើយធ្លាប់មានប្រវត្តិប្រកួតបាន ១៥៦ដង ឈ្នះ ១៤១ដង ចាញ់ ១២ដង និងស្មើ ៣ដង និងធ្លាប់មានប្រវត្តិផ្តួលដៃគូឲ្យសន្លប់ និងបោះបង់ការប្រកួតរហូតដល់ទៅ ៦៦ដង ខណៈដែលប្រកួតចុងក្រោយបង្អស់គឺបានផ្តួលកីឡាករអង់គ្លេស Thomas Carpenter ឲ្យសន្លប់ក្រោមស្នៀតជង្គង់ត្រឹមទឹកទី១ នៅសង្វៀន Thai Fight នេះតែម្តង។

យ៉ាងណាក៏ដោយ បើតាមការយល់ឃើញរបស់ឯកឧត្តម ហេង សុឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏ដូចជាលោក ឡៅ ស៊ីណាត គ្រូបង្វឹកជម្រើសជាតិគុនខ្មែរ សុទ្ធតែលើកឡើងដូចគ្នាថា ដៃគូ ព្រំ សំណាង លើកនេះអាចនឹងល្អជាងអ្នកលើកមុន ហើយពួកលោកជឿថា ព្រំ សំណាង អាចនឹងជួបភាពតានតឹងបន្តិច ប៉ុន្តែយ៉ាងណាក៏នៅតែមានក្តីសង្ឃឹមខ្ពស់សម្រាប់គុនខ្មែរយើងដែរ។

សូមបញ្ជាក់ថា កីឡាករគុនខ្មែរ ព្រំ សំណាង នឹងធ្វើដំណើរចេញពីមាតុប្រទេសនៅថ្ងៃសុក្រទី២៤ នេះ ខណៈដែលការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ Jumbo Market ខេត្ត ផាត់ទុម ថានី ភាគខាងជើងរាជធានីបាងកក៕

ប្រភព៖ TV5 Cambodia

You might also like

Leave A Reply

Your email address will not be published.